ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ! NASA បង្ហោះយានអវកាសដែលមានមនុស្សជិះទៅកាន់ព្រះច័ន្ទជាលើកដំបូង ក្នុងរយៈពេលជាងកន្លះសតវត្ស
ពិភពលោកទាំងមូលកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះព្រឹត្តិការណ៍អវកាសដ៏អស្ចារ្យមិនធ្លាប់មានក្នុងរយៈពេលជាង ៥០ ឆ្នាំមកនេះ។
កាលពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) ទីភ្នាក់ងារអវកាស NASA បានបង្ហោះរ៉ុក្កែតដ៏មានឥទ្ធិពលបំផុត SLS ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា ដើម្បីនាំយកអវកាសយានិកចំនួន ៤ រូប ទៅកាន់គន្លងព្រះច័ន្ទ ក្នុងបេសកកម្មដែលមានឈ្មោះថា Artemis II។
បេសកកម្ម Artemis II នេះ គឺជាជំហានដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនមនុស្សឱ្យទៅជាន់លើផ្ទៃព្រះច័ន្ទវិញនៅចុងទសវត្សរ៍នេះ។ អវកាសយានិកទាំង ៤ រូប រួមមាន លោក Reid Wiseman, លោក Victor Glover, អ្នកស្រី Christina Koch និងលោក Jeremy Hansen ដែលជាជនជាតិកាណាដា នឹងត្រូវចំណាយពេល ១០ ថ្ងៃ ក្នុងការធ្វើដំណើរជុំវិញព្រះច័ន្ទ ហើយត្រឡប់មកភពផែនដីវិញ។
អ្វីដែលគួរឱ្យកត់សម្គាល់ បេសកកម្មនេះបានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយក្នុងនោះមានវត្តមាន "ស្ត្រីដំបូង" និង "ជនស្បែកខ្មៅដំបូង" ដែលបានធ្វើដំណើរទៅកាន់ទីអវកាសដ៏ឆ្ងាយបែបនេះ។ ការបង្ហោះនេះ ក៏ជាការបង្ហាញពីសមត្ថភាពបច្ចេកវិទ្យារបស់អាមេរិក ស្របពេលដែលប្រទេសចិនក៏កំពុងពន្លឿនគម្រោងបញ្ជូនមនុស្សទៅព្រះច័ន្ទនៅឆ្នាំ ២០៣០ ផងដែរ។
បើតាមការបញ្ជាក់ពី NASA យាន Orion ដែលដឹកអវកាសយានិក បានញែកខ្លួនចេញពីរ៉ុក្កែតដោយជោគជ័យ និងកំពុងស្ថិតក្នុងគន្លងផ្លូវប្រកបដោយសុវត្ថិភាព។ ក្រុមការងារនៅមជ្ឈមណ្ឌលបញ្ជា កំពុងតាមដានយ៉ាងដិតដល់លើប្រព័ន្ធទ្រទ្រង់ជីវិត និងការបញ្ជាយាន ដើម្បីធានាថាគ្រប់យ៉ាងដំណើរការទៅតាមផែនការ មុនពេលយាននេះធ្វើដំណើរឆ្ពោះទៅផ្នែកខាងក្រោយនៃព្រះច័ន្ទ ដែលជាចម្ងាយឆ្ងាយបំផុតដែលមនុស្សធ្លាប់បានទៅដល់។
បេសកកម្ម Artemis II មិនត្រឹមតែជាការសាកល្បងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាក្តីសង្ឃឹមរបស់មនុស្សជាតិក្នុងការឈានជើងទៅកាន់ភពផ្សេងៗទៀតនាពេលអនាគត ជាពិសេសគឺភពអង្គារ។ ប្រសិនបើបេសកកម្មនេះទទួលបានជោគជ័យទាំងស្រុង នោះ NASA នឹងឈានទៅដល់ការបញ្ជូនមនុស្សឱ្យចុះចតលើផ្ទៃព្រះច័ន្ទផ្ទាល់តែម្តង ក្នុងបេសកកម្ម Artemis III និង IV នាឆ្នាំខាងមុខ៕



ប្រភព៖Reuters


















