អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ ចេញសេចក្តីព្រមានយ៉ាងខ្លាំងៗចំពោះ ការវាយប្រហារដោយមីស៊ីល និង ដ្រូនរបស់អុីរ៉ង់មកលើបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ
ស្ថានការណ៍សន្តិសុខដ៏តានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិ។ លោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ បានចេញសេចក្តីព្រមានយ៉ាងខ្លាំងៗថា ការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អុីរ៉ង់ មកលើបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ហ្ស៊កដានី និងអូីរ៉ាក់ គឺជាការគំរាមកំហែងមួយដែលមិនធ្លាប់មានពីមុនមក។
លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា សកម្មភាពយោធារបស់អ៊ីរ៉ង់នេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងសេចក្តីសម្រេចលេខ ២៨១៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង។
សម្ព័ន្ធអារ៉ាប់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឥទ្ធិពលនៃការវាយប្រហារទាំងនេះ ដែលមិនត្រឹមតែប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសទាំងនោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល រួមទាំងការរំខានដល់សេរីភាពនៃការធ្វើនាវាចរណ៍ក្នុងច្រកសមុទ្រ Hormuz ផងដែរ។
ជុំវិញបញ្ហានេះ លោក Ahmed Aboul Gheit បានអំពាវនាវយ៉ាងទទូចដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់រាល់សកម្មភាពឈ្លានពានរបស់អ៊ីរ៉ង់ និងការពារសន្តិសុខក្នុងតំបន់៕

ប្រភព៖Al Jazeera English


















