រដ្ឋមន្ត្រីក្រសួងវប្បធម៌ បញ្ជាក់ថា សកម្មភាពរបស់ថៃ នៅតំបន់បណ្តុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ក្រោបទឈប់បាញ់ គឺជាការទាមទារអធិបតេយ្យដោយខុសច្បាប់
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងពីការបំផ្លិចបំផ្លាញយ៉ាងធំធេង ចំពោះប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកចុះបញ្ជីក្នុងអង្គការយូណេស្កូ ក៏ដូចជាចំពោះ បូជនីយដ្ឋានវប្បធម៌ដទៃទៀត ដែលមានតម្លៃលេចធ្លោជាសកល។
ក្នុងបង្ហាញស្តីពីស្ថានភាពតំបន់វប្បធម៌កម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន៤៤ រូប នាថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦នេះ លោកជំទាវ បានសង្កត់ធ្ងន់ថា សកម្មភាពរបស់ថៃ នៅតំបន់បណ្តុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ចាប់តាំងពីបទឈប់បាញ់កាលពី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក គឺជាការទាមទារអធិបតេយ្យដោយខុសច្បាប់របស់ថៃ។
មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្ថែមថា សកម្មភាពទាំងនេះ រួម មានការរៀបចំពិធីសាសនា ការទៅទស្សនាទីតាំងដោយសមាជិកគណៈរដ្ឋមន្ត្រីថៃ សកម្មភាពជួសជុលដោយ គ្មានការអនុញ្ញាត ការដាក់បញ្ចូលប្រាសាទទាំងនោះទៅក្នុងបញ្ជីសារពើភណ្ឌបេតិកភណ្ឌជាតិរបស់ថៃ និងការសាងសង់សំណង់អចិន្ត្រៃយ៍ជាច្រើនទៀត ដូចជាការកសាងព្រះពុទ្ធបដិមាធំៗជាដើម ។
ក្នុងបទបង្ហាញខាងលើ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា កម្ពុជាបានដាក់កំណត់ទូតតវ៉ា ជាច្រើន ហើយនឹងបន្តប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់បែបនេះរបស់ថៃ ដែលប៉ុនប៉ងបង្កើតស្ថានភាព លើដីជាក់ស្តែង និងព្យាយាមជំរុញការទាមទារ ដែលពុំមានមូលដ្ឋានទាំងអង្គហេតុនិងអង្គច្បាប់ ចំពោះ បេតិកភណ្ឌវប្បធម៌ខ្មែរ ។







ប្រភព៖ ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation






































