គ្រោះថ្នាក់ធ្លាក់យន្តហោះនៅស៊ូដង់ខាងត្បូង បណ្តាលឱ្យមនុស្ស ១៤ នាក់បាត់បង់ជីវិត
សោកនាដកម្មធ្លាក់យន្តហោះដ៏រន្ធត់មួយ ដែលបានកើតឡើងនៅប្រទេសស៊ូដង់ខាងត្បូង (South Sudan) កាលពីថ្ងៃចន្ទម្សិលមិញនេះ។
យោងតាមការបញ្ជាក់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលស៊ូដង់ខាងត្បូង បានឱ្យដឹងថា យន្តហោះខ្នាតតូចមួយគ្រឿង ប្រភេទ Cessna 208 Caravan របស់ក្រុមហ៊ុន CityLink Aviation បានធ្លាក់នៅតំបន់ Luri ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានីជូបា (Juba)។
ហេតុការណ៍ដ៏អកុសលនេះ បានបណ្តាលឱ្យមនុស្សទាំង ១៤ នាក់ដែលនៅលើនោះ រួមមានអ្នកដំណើរ ១៣ នាក់ និងអាកាសយានិកម្នាក់ បានបាត់បង់ជីវិតទាំងអស់ ដោយគ្មានអ្នករស់រានមានជីវិតឡើយ។ ក្នុងចំណោមជនរងគ្រោះ មានជនជាតិកេនយ៉ា ២ នាក់ និងជនជាតិស៊ូដង់ខាងត្បូង ១២ នាក់។
តាមរបាយការណ៍បឋម យន្តហោះនេះបានហោះចេញពីទីក្រុង Yei ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិជូបា ប៉ុន្តែបានដាច់ការទាក់ទងនៅវេលាម៉ោងប្រហែល ៩:៤៣ ព្រឹក។ មូលហេតុដែលគេសង្ស័យខ្លាំងបំផុតនៅពេលនេះ គឺដោយសារ «អាកាសធាតុអាក្រក់ និងកម្រិតមើលឃើញទាប» ដែលធ្វើឱ្យអ្នកបើកបរពិបាកក្នុងការគ្រប់គ្រងយន្តហោះ។
បច្ចុប្បន្ន ក្រុមសង្គ្រោះ និងក្រុមស៊ើបអង្កេតបានទៅដល់កន្លែងកើតហេតុហើយ ដើម្បីប្រមូលសាកសពជនរងគ្រោះ និងស្វែងរកប្រអប់ខ្មៅ ដើម្បីវិភាគរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។
គួររំលឹកផងដែរថា ប្រទេសស៊ូដង់ខាងត្បូង តែងតែជួបប្រទះនូវគ្រោះថ្នាក់ផ្លូវអាកាសជាញឹកញាប់ ដែលភាគច្រើនពាក់ព័ន្ធនឹងយន្តហោះខ្នាតតូច យន្តហោះដែលមានអាយុកាលចាស់ៗ និងបញ្ហាប្រឈមនៃហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅក្នុងតំបន់ដាច់ស្រយាល។

ប្រភព៖ Al Jazeera English


















