សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិតេជោ»
ខេត្តកណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិតេជោ» លំដាប់ថ្នាក់ 4F នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) មិនមែនគ្រាន់តែជាច្រកទ្វារមួយទៅកាន់ពិភពលោកនោះទេ ក៏ជាកាតាលីករសេដ្ឋកិច្ច និងជានិមិត្តរូបរបស់ប្រទេសជាតិ ប្រជាជន ស្ថេរភាព សន្តិភាព និងវឌ្ឍនភាព របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត។
ការវិនិយោគសាងសង់ TIA (ដំណាក់កាលទី ១) មានចំនួន ២៣០០លានដុល្លារអាមេរិក ដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយ៍ អ្នកដំណើរ ស្ថានីយ៍ អ្នកដំណើរពិសេស (VVIP Terminal) ទីលាន ចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន រួមមានផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ រួមទាំងការចំណាយ ហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរ ប្រតិបត្តិការ ពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មក TIA។ ដោយទុនវិនិយោគទុនផ្ទាល់ របស់ក្រុមហ៊ុន OCIC និងការចូលរួមទុន តាមរយៈ មូលបត្របំណុល ពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F ត្រូវបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ២,៦០០ (ពីរពាន់ប្រាំមួយរយ) ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២៦គីឡូម៉ែត្រពីចំណុចកណ្ដាលរាជធានីភ្នំពេញ ផ្អែកតាមកម្មវិធីការងារ ដោយចំណាយពេលសាងសង់ចំនួនជាង៥ឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្ដង់ដា អន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះ ហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព៕
Join telegram: https://t.me/cngtvcambodia ទំនាក់ទំនងការផ្សាយ: 085 999 070 / 098 999 070