តម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ភ្លាមៗ បន្ទាប់ពីកិច្ចចរចា សន្តិភាពរវាងអាមេរិក និងអុីរ៉ង់ មិនអាចឈានដល់កិច្ចព្រមព្រៀង
ទីផ្សារថាមពលពិភពលោកបានជួបប្រទះនូវការប្រែប្រួលយ៉ាងខ្លាំងនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអុិុរ៉ង់ បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើសំណើសន្តិភាពដែលរៀបចំដោយទីក្រុងវ៉ាស៊ីនតោន។
តម្លៃប្រេងឆៅបានហក់ឡើងជាង ៣ ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅប្រភេទ Brent បានឡើងដល់ ១០៤,៥០ ដុល្លារ (កើនឡើង ៣,១៧%) ចំណែកឯប្រេងឆៅរបស់សហរដ្ឋអាមេរិក (WTI) បានហក់ឡើងដល់ ៩៨,៤៨ ដុល្លារ (កើនឡើង ៣,២១%)។ ការហក់ឡើងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានទាត់ចោលការឆ្លើយតបរបស់អ៊ីរ៉ង់ ដោយចាត់ទុកថា "មិនអាចទទួលយកបាន"។
ការបរាជ័យនៃកិច្ចចរចានេះ បានបង្កឱ្យមានការព្រួយបារម្ភជាថ្មីក្នុងចំណោមវិនិយោគិន អំពីស្ថេរភាពនៃការផ្គត់ផ្គង់ថាមពលសកល ជាពិសេសតាមរយៈច្រកសមុទ្រ Hormuz ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់បំផុតសម្រាប់ដឹកជញ្ជូនប្រេង។
កង្វះសញ្ញាវិជ្ជមានពីការចរចា បានធ្វើឱ្យអ្នកទីផ្សារវាយតម្លៃថា ហានិភ័យនៃជម្លោះប្រដាប់អាវុធ និងការរំខានដល់ការដឹកជញ្ជូនប្រេងនឹងបន្តអូសបន្លាយយូរទៅមុខទៀត។
អ្នកវិភាគទីផ្សារថាមពលបានកត់សម្គាល់ថា ការកើនឡើងនៃតម្លៃប្រេងនេះឆ្លុះបញ្ចាំងពីការបាត់បង់ទំនុកចិត្តលើដំណោះស្រាយ ក្រោយការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។
ស្ថានភាពនេះមិនត្រឹមតែដាក់សម្ពាធដល់សេដ្ឋកិច្ចសកលដែលកំពុងត្រូវការថាមពលតម្លៃទាបប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជំរុញឱ្យអតិផរណានៅតាមបណ្តាប្រទេសធំៗកើនឡើងផងដែរ ប្រសិនបើភាពទាល់ច្រកផ្នែកនយោបាយនេះនៅតែមិនអាចដោះស្រាយបាន៕
ប្រភព៖Reuters


















