ថៃសម្រេចលុបចោលជាឯកតោភាគី នូវអនុស្សរណៈយោគយល់ឆ្នាំ MOU ២០០១ ជាមួយកម្ពុជា
ថ្មីៗនេះរដ្ឋាភិបាលថៃ បានសម្រេចលុបចោលជាផ្លូវការនូវកិច្ចព្រមព្រៀងដែលមានអាយុកាល ២៥ ឆ្នាំ ជាមួយកម្ពុជា កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីថៃ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈកុល (Anutin Charnvirakul) បានអនុម័តការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬដែលគេស្គាល់ថា "MOU 44"។
អនុស្សរណៈនេះ គឺជាក្របខ័ណ្ឌការងារសម្រាប់ប្រទេសទាំងពីរ ក្នុងការចរចាបោះបង្គោលព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នានូវធនធានប្រេង និងឧស្ម័ន នៅក្នុងតំបន់ត្រួតស៊ីគ្នាដែលមានផ្ទៃក្រឡាជាង ២៦,០០០ គីឡូម៉ែត្រការ៉េ ក្នុងឈូងសមុទ្រថៃ។
លោកនាយករដ្ឋមន្ត្រី អានុទីន បានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃគោលនយោបាយរបស់លោក ដែលបានសន្យាកាលពីអំឡុងពេលយុទ្ធនាការបោះឆ្នោត ហើយលោកយល់ថា កិច្ចព្រមព្រៀងនេះមិនមានវឌ្ឍនភាពអ្វីសោះក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ការលុបចោល MOU នេះ មិនមែនមានន័យថាជាការបញ្ចប់ការចរចាជាមួយកម្ពុជានោះទេ ប៉ុន្តែថៃចង់ឱ្យការចរចានៅពេលអនាគត ធ្វើឡើងក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិ ស្តីពីអនុសញ្ញាសហប្រជាជាតិអំពីច្បាប់សមុទ្រ (UNCLOS) វិញ។
ជាការឆ្លើយតប លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តជាឯកតោភាគីរបស់ភាគីថៃ។ លោកបានបញ្ជាក់ថា កម្ពុជាគ្មានជម្រើសអ្វីក្រៅពីស្វែងរកកិច្ចអន្តរាគមន៍តាមរយៈយន្តការសម្រុះសម្រួលរបស់អង្គការសហប្រជាជាតិ (UNCLOS) ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រនេះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕



ប្រភព៖ CNA






































