កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
ទីស្តីការក្រសួងមហាផ្ទៃ៖ ព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកា តំណាងអង្គការជាតិ-អន្តរជាតិ វិស័យឯកជនជាច្រើនរូប។
យោងតាមរបាយការណ៍ គ.ស.ច.គ ក្នុងឆ្នាំ២០២៥ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ៤៧ ៣៨៨ គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ២៨ ៤០១ គ្រឿង ស្មើនឹង ៦០% និង រថយន្តចំនួន ១៨ ៩៨៧គ្រឿង ស្នើនឹង ៤០%។ ទន្ទឹមនឹងនេះ គ្រោះថ្នាក់កើតឡើងសរុប ២ ៣៤៥លើក (យប់៥៨%) បណ្តាលឱ្យស្លាប់១ ៤៦៧នាក់ និងរបួស ៣ ២១៣នាក់ (ធ្ងន់១ ៨៦៩នាក់)។
បើគិតក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤៩៩លើក ស្មើ១៨% (២ ៣៤៥/២ ៨៤៤លើក) ចំនួនអ្នកស្លាប់ថយចុះ ៤២នាក់ ស្មើ៣% (១ ៤៦៧/១ ៥០៩នាក់) និងចំនួនអ្នករបួសថយចុះ ៥០៧នាក់ ស្មើ១៤% (៣ ២១៣/ ៣ ៧២០នាក់)
គួរបញ្ជាក់ថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ចំនួនអ្នកស្លាប់និងអ្នករងរបួស មានការថយចុះ បើប្រៀបធៀបឆ្នាំ២០២៤ ទៅនឹងឆ្នាំ២០២៥ ដែលសមិទ្ធផលនេះពុំបានកើតឡើងដោយចៃដន្យនោះទេ តែកើតចេញពីកិច្ចសហការយ៉ាងប្រសើរ និងភាពសកម្មរបស់មន្ត្រីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។







ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT






































