អុីរ៉ង់ប្រើប្រាស់ "សន្លឹកបៀនុយក្លេអ៊ែរ" ដើម្បីដាក់សម្ពាធលើការចរចាជាមួយសហរដ្ឋអាមេរិក
ស្ថានភាពសន្តិសុខនៅតំបន់មជ្ឈិមបូព៌ាបានធ្លាក់ក្នុងភាពតានតឹងខ្លាំងជាថ្មីម្តងទៀត បន្ទាប់ពីអុីរ៉ង់បានចេញមុខព្រមានជាចំហអំពីការត្រៀមបង្កើនកម្រិតចម្រាញ់អ៊ុយរ៉ានីញ៉ូមឱ្យដល់ ៩០% ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តយុទ្ធសាស្ត្រគំរាមកំហែងផ្នែកយោធា។ ការប្រកាសដ៏គួរឱ្យតក់ស្លុតនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីកិច្ចចរចាសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានជួបការរាំងស្ទះ និងឈានទៅរកភាពបរាជ័យ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហររឹងត្អឹងដោយច្រានចោលនូវសំណើសន្តិភាពចុងក្រោយរបស់ភាគីអុីរ៉ង់ ដោយលោកបានចាត់ទុកថាវាជាកិច្ចព្រមព្រៀងដែលមិនអាចទទួលយកបាន និងបានវាយតម្លៃថាបទឈប់បាញ់ដែលកំពុងមាននាពេលបច្ចុប្បន្ន ស្ទើរតែគ្មានឱកាសនឹងអាចបន្តទៅមុខទៀតបានឡើយ។
លោក ត្រាំ ក៏បានសង្កត់ធ្ងន់ជាថ្មីនូវគោលការណ៍ដាច់ខាតរបស់លោក គឺការមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានលទ្ធភាពកាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត ទោះបីជាត្រូវប្រើប្រាស់កម្លាំងយោធាក៏ដោយ។
ស្របពេលជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់បានបញ្ជាក់ថា ការឈានទៅដល់ការចម្រាញ់អ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់បំផុតសម្រាប់ផលិតអាវុធ គឺជាជម្រើសចុងក្រោយដែលសភាអ៊ីរ៉ង់កំពុងពិចារណា ប្រសិនបើសម្ពាធពីខាងក្រៅនៅតែបន្តកើនឡើង។ យោងតាមរបាយការណ៍របស់អ្នកជំនាញ បច្ចុប្បន្នអ៊ីរ៉ង់មានស្តុកអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិត ៦០% ក្នុងបរិមាណយ៉ាងច្រើន ដែលអាចអនុញ្ញាតឱ្យពួកគេផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានជាច្រើនគ្រាប់ ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ប្រសិនបើមានការសម្រេចចិត្តផ្នែកនយោបាយណាមួយកើតឡើង៕
ប្រភព៖Euro News


















