សង្គ្រាមនៅអុីរ៉ង់៖ តើជាមេរៀនព្រមានដល់ពិភពលោកក្នុង ការឈប់ពឹងផ្អែកលើអាវុធរបស់សហរដ្ឋអាមេរិកដែរឬទេ?
ស្របពេលដែលភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់កាន់តែកើនឡើង កិច្ចពិភាក្សាដេញដោលថ្មីមួយកំពុងលេចរូបរាងឡើងនៅក្នុងវិស័យការពារជាតិសកល។
តាមរយៈទស្សនៈវិភាគចុងក្រោយបានលើកឡើងថា ការពឹងផ្អែកលើបច្ចេកវិទ្យាយោធាអាមេរិក អាចជា "ដាវមុខពីរ" ដែលគំរាមកំហែងដល់អធិបតេយ្យភាពសម្រេចចិត្តរបស់ប្រទេសនីមួយៗ។
ចំណុចរសើបបំផុតដែលត្រូវបានលើកយកមកជជែក គឺការដែលអាវុធទំនើបៗរបស់អាមេរិក មិនមែនគ្រាន់តែជាសម្ភារៈការពារជាតិសុទ្ធសាធនោះទេ ប៉ុន្តែវាគឺជាខ្សែចំណងនយោបាយ។ នៅពេលដែលប្រទេសមួយទិញយុទ្ធោបករណ៍កម្រិតខ្ពស់ ដូចជាយន្តហោះចម្បាំង F-35 ជាដើម ពួកគេមិនត្រឹមតែបង់ប្រាក់ទិញយន្តហោះប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវពឹងផ្អែកទាំងស្រុងលើការថែទាំ គ្រឿងបន្លាស់ និងការធ្វើបច្ចុប្បន្នភាពកម្មវិធី (Software) ពីអាមេរិកជារៀងរហូត។ ក្នុងករណីមានជម្លោះដូចជាសង្គ្រាមជាមួយអ៊ីរ៉ង់ ប្រសិនបើប្រទេសជាអ្នកទិញមានមតិផ្ទុយពីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកមានអំណាចពេញលេញក្នុងការបិទ ឬកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងនោះ ដែលធ្វើឱ្យអាវុធដ៏មានតម្លៃរាប់លានដុល្លារប្រែជាគ្មានប្រយោជន៍ភ្លាមៗ។
លើសពីនេះទៅទៀត សង្គ្រាមជាមួយអ៊ីរ៉ង់បានបង្ហាញឱ្យឃើញថា ការមានសព្វាវុធអាមេរិកនៅក្នុងដៃ ជារឿយៗបានរុញច្រានឱ្យបណ្តាសម្ព័ន្ធមិត្តធ្លាក់ចូលក្នុងជម្លោះដែលពួកគេមិនចង់បាន ឬមិនមែនជាផលប្រយោជន៍ផ្ទាល់របស់ពួកគេ។ អាវុធទាំងនេះបានក្លាយជាឧបករណ៍ដែលបង្ខំឱ្យប្រទេសនានាត្រូវដើរតាមគន្លងយុទ្ធសាស្ត្រការបរទេសរបស់អាមេរិក ដើម្បីតែរក្សាសមត្ថភាពការពារជាតិរបស់ខ្លួន។
ជាសេចក្តីសន្និដ្ឋាន អ្នកវិភាគបានសង្កត់ធ្ងន់ថា វិបត្តិនៅមជ្ឈិមបូព៌ានាពេលនេះ គឺជា "ការដាស់តឿន" ដ៏សំខាន់មួយ។ វាបង្ហាញថា ការពឹងផ្អែកខ្លាំងពេកលើប្រភពផ្គត់ផ្គង់អាវុធតែមួយ ជាពិសេសពីមហាអំណាចដែលមានគោលនយោបាយការបរទេសឆាប់ប្រែប្រួល អាចនឹងធ្វើឱ្យអធិបតេយ្យភាពជាតិត្រូវស្ថិតក្នុងហានិភ័យ។ មេរៀនពីសង្គ្រាមអ៊ីរ៉ង់ កំពុងជំរុញឱ្យពិភពលោកសម្លឹងមើលរកជម្រើសថ្មីៗ និងការអភិវឌ្ឍសមត្ថភាពការពារជាតិដោយខ្លួនឯង ដើម្បីចៀសវាងការជាប់គាំងក្នុង "អន្ទាក់យុទ្ធសាស្ត្រ" របស់សហរដ្ឋអាមេរិកនាពេលអនាគត៕
ប្រភព៖The Walrus


















