អុីរ៉ង់អំពាវនាវឱ្យក្រុមប្រទេស BRICS រួមកម្លាំងថ្កោល ទោសការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអុី ស្រាអែល
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកការគាំទ្រលើឆាកអន្តរជាតិ ប្រទេសអុីរ៉ង់បានចេញមុខអំពាវនាវយ៉ាងទទូចដល់បណ្តាប្រទេសជាសមាជិកនៃក្រុម BRICS ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ជាដើម ឱ្យរួមគ្នាថ្កោលទោសនូវអ្វីដែលខ្លួនហៅថាជា "សកម្មភាពឈ្លានពាន" ពីសំណាក់សហរដ្ឋអាមេរិក និងអុីស្រាអែល។
ការអំពាវនាវនេះធ្វើឡើងចំពេលដែលស្ថានការណ៍យោធានៅក្នុងតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុងសភាពប្រកាសអាសន្ន។
មន្ត្រីការទូតជាន់ខ្ពស់របស់អុីរ៉ង់បានបញ្ជាក់ថា សកម្មភាពយោធារួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងទែលអាវីវ មិនត្រឹមតែរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពសកលផងដែរ។
អ៊ីរ៉ង់យល់ឃើញថា ក្រុមប្រទេស BRICS ដែលជាតំណាងឱ្យសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និងមានឥទ្ធិពលខ្លាំងលើពិភពលោក គួរតែដើរតួនាទីយ៉ាងសកម្មក្នុងការទប់ស្កាត់ការប្រើប្រាស់អំណាចផ្តាច់ការរបស់មហាអំណាចលោកខាងលិច។
យោងតាមរបាយការណ៍ពី Al Jazeera ទីក្រុងតេអេរ៉ង់បានជម្រុញឱ្យសមាជិក BRICS ប្រើប្រាស់វេទិកាឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចលើសហរដ្ឋអាមេរិកក្នុងបំណងបញ្ឈប់ការវាយប្រហារតាមអាកាស និងការដាក់ទណ្ឌកម្មផ្សេងៗ។ អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ការបន្តនៅស្ងៀមរបស់សហគមន៍អន្តរជាតិ ចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន នឹងបង្កើតជាគំរូដ៏គ្រោះថ្នាក់មួយសម្រាប់ច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា ការងាកទៅរកក្រុមប្រទេស BRICS នេះ បង្ហាញពីយុទ្ធសាស្ត្រថ្មីរបស់អ៊ីរ៉ង់ក្នុងការបំបែកការនៅឯកោ និងការពង្រឹងសម្ព័ន្ធភាពជាមួយមហាអំណាចមិនមែនលោកខាងលិច ដូចជាចិន និងរុស្ស៊ីជាដើម៕
ប្រភព៖Aljazeera


















