សារមន្ទីរជាតិអង្គរ ជាទីតាំងពិព័រណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រខ្មែរ

គិតមកដល់ពេលនេះ សារមន្ទីរជាតិអង្គរ នៃខេត្តសៀមរាប បានបើកដំណើរការអស់រយៈពេល ១៨ឆ្នាំហើយ ដែលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយនូវកេរដំណែលដ៏សម្បូរបែបនៃអាណាចក្រខ្មែរ។

 
សារមន្ទីរជាតិអង្គរ ជាទីតាំងពិព័រណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រខ្មែរ

សារមន្ទីរជាតិអង្គរ បានផ្ដោតលើការតាំងពិព័រណ៍ដែលឆ្លុះបញ្ចាំងពី ប្រវត្តិសាស្ត្រ និងវប្បធម៌ ដ៏អស្ចារ្យរបស់កម្ពុជា តាមរយៈវិចិត្រសាលទាំងប្រាំបី (៨) នៃសារមន្ទីរជាតិអង្គរ ភ្ញៀវទេសចរនឹងទទួលបាននូវចំណេះដឹងយ៉ាងទូលំទូលាយអំពីប្រវត្តិសាស្ត្រខ្មែរ ដែលបានរីកចម្រើនលូតលាស់រាប់រយឆ្នាំ នៅក្រោមការដឹកនាំរបស់មហាក្សត្រដ៏ខ្លាំងពូកែជាច្រើនអង្គបន្តបន្ទាប់គ្នា។

សារមន្ទីរជាតិអង្គរ មិនត្រឹមតែជាកន្លែងតាំងពិព័រណ៍ប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ជា វិទ្យាស្ថានសិក្សា សម្រាប់ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ គោលបំណងរបស់សារមន្ទីរជាតិអង្គរ គឺលើកទឹកចិត្តភ្ញៀវទេសចរគ្រប់រូប ឲ្យមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងថែរក្សាសមុច្ច័យប្រវត្តិសាស្ត្រដ៏មានតម្លៃទាំងនេះ ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត។

សូមជម្រាបថា សារមន្ទីរជាតិអង្គរ មានទីតាំងក្នុងក្រុង/ខេត្តសៀមរាប ដែលបើកឱ្យភ្ញៀវទេសចរចូលទស្សនាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨៖៣០នាទីព្រឹក ដល់ ៦៖៣០នាទីល្ងាច។ វត្ថុបុរាណភាគច្រើននៅសារមន្ទីរជាតិអង្គរ ត្រូវបានរកឃើញនៅក្នុង និងជុំវិញរមណីយដ្ឋានអង្គរ។ បដិមាទាំងអស់ក្នុងសារមន្ទីរនេះ មានអាយុកាលចាប់តាំងពីមុនសម័យអង្គរដល់សម័យក្រោយអង្គរ ហើយត្រូវបានដាក់តាំងនៅក្នុងវិចិត្រសាលឯក ព្រះពុទ្ធបដិមាមួយពាន់អង្គ ដែលជាផ្នែកដ៏សំខាន់មួយនៃសារមន្ទីរជាតិអង្គរ៕

 

អត្ថបទ៖ លោក អ៊ុន ណារាជ្យ

ប្រភព មន្ទីរព័ត៌មានខេត្តសៀមរាប

សូមចុច join Telegram https://t.me/cngtvcambodia