ថ្នាក់ដឹកនាំកាយរឹទ្ធជាតិកម្ពុជា ណែនាំដល់សមាជិកថ្មើរព្រៃទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងភាពជាគំរូឱ្យបានខ្ពស់បំផុត
ថ្លែងបើកកម្មវិធីកាយរឹទ្ធិថ្មើរព្រៃថ្នាក់ជាតិ លើកទី៦ ក្រោមប្រធានបទ «កាយរឹទ្ធិក្នុងបុព្វហេតុជាតិ» នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បានណែនាំដល់សមាជិកកាយរឹទ្ធិថ្មើរព្រៃគ្រប់រូប ត្រូវរក្សាឱ្យបាននូវភាពជាគំរូក្នុងនាមជាកាយរឹទ្ធិជាតិកម្ពុជា រួមមាន ទី១.សីលធម៌ វិន័យ និងសណ្ដាប់ធ្នាប់ក្រុម ២.គោរពវប្បធម៌ សេចក្ដីថ្លៃថ្នូរ និងថែរក្សាបេតិកភណ្ឌដូនតា ៣.ការធ្វើសកម្មភាពបៃតង ៤.ការសង្កេតធម្មជាតិ ប្រាសាទបុរាណ និងកត់ត្រា ៥.បង្កើនស្មារតីសាមគ្គីក្រុម ចេះជួយគ្នា និងដោះស្រាយបញ្ហាចំពោះមុខ និងទី៦.ត្រូវប្រកាន់ខ្ជាប់នូវបាវចនារបស់កាយរឹទ្ធិជាតិ គឺ ប្រុងជានិច្ច។
ឯកឧត្តម សេរី ជំនះ បានសង្កត់ធ្ងន់ថា ក្នុងនាមជាកាយរឹទ្ធិជាតិ សមាជិកទាំងអស់ត្រូវខិតខំរក្សាឱ្យបាននូវសីលធម៌ល្អ វិន័យរឹងមាំ និងសណ្ដាប់ធ្នាប់ក្នុងក្រុម ដោយគោរពបទបញ្ជា ការដឹកនាំ និងពេលវេលា ព្រមទាំងប្រើប្រាស់អាកប្បកិរិយាសុភាពរាបសា និងគោរពគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការគោរពវប្បធម៌ប្រពៃណីខ្មែរ និងថែរក្សាបេតិកភណ្ឌដូនតា ដូចជាប្រាសាទបុរាណ ឬតំបន់ប្រវត្តិសាស្ត្រ ដោយមិនធ្វើអំពើបំផ្លាញ ឬប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិឡើយ។
ឯកឧត្ដមបានបន្តថា លើសពីនេះសមាជិកកាយរឹទ្ធិត្រូវចូលរួមសកម្មភាពបៃតង ដូចជាការសម្អាតបរិស្ថាន និងការរក្សាអនាម័យជុំវិញខ្លួន ដើម្បីរួមចំណែកក្នុងការការពារបរិស្ថាន។ ការសង្កេតធម្មជាតិ និងប្រាសាទបុរាណ ក៏ជាផ្នែកសំខាន់មួយ ដែលជួយបង្កើនចំណេះដឹង និងបទពិសោធន៍ ដោយត្រូវកត់ត្រាអ្វីដែលបានឃើញ និងរៀនសូត្រដើម្បីអភិវឌ្ឍខ្លួន។ ក្នុងពេលតែមួយ កាយរឹទ្ធិត្រូវបង្កើនស្មារតីសាមគ្គីភាព សហការជាក្រុម យកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក និងអាចដោះស្រាយបញ្ហាចំពោះមុខបានយ៉ាងមានប្រសិទ្ធភាព និងសន្តិវិធី។ ជាពិសេស សមាជិកគ្រប់រូបត្រូវប្រកាន់ខ្ជាប់បាវចនារបស់កាយរឹទ្ធិជាតិ “ប្រុងជានិច្ច” ដែលមានន័យថា ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងគ្រប់ស្ថានភាព មានការប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវ។ ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ទាំងនេះ នឹងជួយអភិវឌ្ឍសមាជិកកាយរឹទ្ធិឱ្យក្លាយជាបុគ្គលមានគុណភាព មានសមត្ថភាព និងជាគំរូល្អសម្រាប់សង្គមជាតិ។
ក្នុងឱកាសនោះ លោក លី សារី អភិបាលរងខេត្ត បានបង្ហាញការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ចំពោះកម្មវិធីកាយរឹទ្ធិថ្មើរព្រៃថ្នាក់ជាតិ ព្រោះសកម្មភាពកាយរឹទ្ធជាចលនាអប់រំមិនមែននយោបាយ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ យុវជន ហើយបើកទូលាយសម្រាប់ជនគ្រប់រូប ដោយគ្មានការរើសអើងចំពោះដើមកំណើត ពូជសាសន៍ និងជំនឿសាសនា។ ពិតណាស់ កាយរឹទ្ធិជាតិកម្ពុជា គឺជាចលនាអប់រំក្រៅប្រព័ន្ធយ៉ាងសកម្មមួយ ដែលបានចូលរួមគាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យក្នុងសកម្មភាពស្ម័គ្រចិត្ត ការអនុវត្តគម្រោងសហគមន៍ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍ មិនតែប៉ុណ្ណោះកាយរឹទ្ធិជាតិកម្ពុជា រួមចំណែកអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្ដានុពលភាពពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវ និងជាសមាជិកសកម្មតាមមូលដ្ឋានរស់នៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា កម្មវិធីកាយរឹទ្ធិថ្មើរព្រៃថ្នាក់ជាតិ លើកទី៦ គឺជាព្រឹត្តិការណ៍អប់រំកាយរឹទ្ធិកម្មនៅតាមទីវាលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ ដោយសិក្សាជំនាញកាយរឹទ្ធិកម្មនៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ការអនុវត្ត ថ្មើរព្រៃនៅតំបន់ឧទ្យានអង្គរ និងអនុវត្តគម្រោងសហគមន៍នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីពង្រឹងជំនាញបំណិនជីវិត បំណិនបុរេសកម្ម និងស្មារតីស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន។ ព្រឹត្តិការណ៍នេះផ្តោតលើការអប់រំក្រៅប្រព័ន្ធ ការចូលរួមសកម្មភាពសហគមន៍ និងការបណ្ដុះស្មារតីស្រឡាញ់ជាតិ៕









ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប






































