រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល G7 បន្តកិច្ចប្រជុំថ្ងៃទីពីរនៅទីក្រុងប៉ារីស ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចសកល
ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល មកពីបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬហៅថា ក្រុម G7 បានឈានចូលដល់ការប្រជុំថ្ងៃទីពីរ និងជាថ្ងៃបញ្ចប់ហើយ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃអង្គារនេះ។
កិច្ចប្រជុំខ្នាតកំពូលនេះ ធ្វើឡើងក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង លោក រ៉ូឡង់ ឡឺស្គៀ (Roland Lescure) ក្នុងគោលបំណងបង្កើតរនាំងការពារ និងស្វែងរកឧត្តមគតិរួម ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង។
របៀបវារៈ ដែលត្រូវបានយកមកជជែកដេញដោលគ្នាយ៉ាងក្តៅគគុក គឺការវាយតម្លៃលើផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមកពី «វិបត្តិសង្គ្រាមនិងការបិទខ្ទប់នៅច្រកសមុទ្រហរមូស» (Strait of Hormuz) ដែលបានធ្វើឱ្យតម្លៃប្រេងម៉ាស៊ូត និងប្រេងឆៅហក់ឡើងខ្ពស់ បង្កជាសម្ពាធអតិផរណា និងកើនឡើងអត្រាការប្រាក់យ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន។
ក្រៅពីបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា និងការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន ក្រុមប្រទេស G7 ក៏កំពុងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើប្រទេសចិន ក្នុងការផ្គត់ផ្គង់ «រ៉ែដ៏កម្រ និងសំខាន់ៗ» ដែលជារបស់ចាំបាច់បំផុតសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរទៅរកថាមពលបៃតង។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រី រ៉ូឡង់ ឡឺស្គៀ បានទម្លាយឱ្យដឹងថា ការពិភាក្សាមិនមានភាពងាយស្រួលនោះទេ ដោយសារតែសមាជិក G7 មួយចំនួន ជាពិសេសសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នៅតែមានភាពខ្វែងគំនិតគ្នាយ៉ាងខ្លាំងជាមួយដៃគូអឺរ៉ុប ជុំវិញគោលនយោបាយពន្ធគយ និងអនាគតនៃពាណិជ្ជកម្មសេរីសកល។
សូមជម្រាបថា កិច្ចប្រជុំនៅទីក្រុងប៉ារីសនេះ ក៏មានការចូលរួមពីបណ្តាប្រទេសដៃគូដូចជា ប្រេស៊ីល ឥណ្ឌា កេនយ៉ា និងកូរ៉េខាងត្បូង ផងដែរ ដើម្បីរួមគ្នាសម្រាលសម្ពាធសេដ្ឋកិច្ច៕


















