អាមេរិកចង់បានកិច្ចព្រមព្រៀងរួមមួយគត់ ខណៈអុីរ៉ង់ ទាមទារ កិច្ចព្រមព្រៀងពីរដំណាក់កាលដាច់ដោយឡែកពីគ្នា

ប្រភពមន្ត្រីការទូតរបស់ប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលកិច្ចចរចាសន្តិភាព បានទម្លាយឱ្យដឹងថា ដំណើរការស្វែងរកសន្តិភាពរវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ កំពុងជួបភាពទាល់ច្រកដោយសារតែភាគីទាំងពីរមានការយល់ឃើញខុសគ្នាដាច់ស្រឡះ លើលំដាប់អាទិភាពនៃកិច្ចព្រមព្រៀង។

 
អាមេរិកចង់បានកិច្ចព្រមព្រៀងរួមមួយគត់ ខណៈអុីរ៉ង់ ទាមទារ កិច្ចព្រមព្រៀងពីរដំណាក់កាលដាច់ដោយឡែកពីគ្នា

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានអាមេរិក មន្ត្រីប៉ាគីស្ថានបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមានជំហរចង់ប្រកាសកិច្ចព្រមព្រៀងលើរាល់បញ្ហាទាំងអស់ក្នុងពេលតែមួយ (Package Deal) ពោលគឺទាំងការបញ្ចប់ជម្លោះយោធា និងការដោះស្រាយបញ្ហានុយក្លេអ៊ែរត្រូវតែព្រមព្រៀងគ្នាក្នុងកញ្ចប់តែមួយ។
ផ្ទុយទៅវិញ ភាគីខាងប្រទេសអ៊ីរ៉ង់ មានយុទ្ធសាស្ត្រ និងការចង់បានខុសស្រឡះពីអាមេរិក។ ទីក្រុងតេហេរ៉ង់កំពុងតែជំរុញឱ្យមាន «កិច្ចព្រមព្រៀងពីរដំណាក់កាលដាច់ដោយឡែកពីគ្នា» ដោយពួកគេចង់ឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង «បញ្ចប់សង្គ្រាមជាមុនសិន» ដើម្បីឈានទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួន ចំណែកឯបញ្ហាចរចាលើកម្មវិធីនុយក្លេអ៊ែរ គឺត្រូវទុកជជែកគ្នានៅដំណាក់កាលក្រោយទៀត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ ក៏បានចេញផ្សាយផងដែរថា អ៊ីរ៉ង់នឹងមិនព្រមដោះដូរការបញ្ចប់សង្គ្រាម ជាមួយនឹងការធ្វើកិច្ចសន្យាខាងនុយក្លេអ៊ែរភ្លាមៗតាមការបង្ខំរបស់អាមេរិកនោះឡើយ។ ខណៈពេលដែលសេតវិមានរបស់លោក ត្រាំ នៅតែបន្តទទូចថា អាមេរិកនឹងមិនថយក្រោយឡើយចំពោះខ្សែបន្ទាត់ក្រហម ពោលគឺអ៊ីរ៉ង់ត្រូវតែលះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនជាអចិន្ត្រៃយ៍៕

ប្រភព៖Al Jazeera