អាជ្ញាធរសុខាភិបាលប្រញាប់ប្រញាល់រកអ្នកដំណើរដែលបានចុះពីកប៉ាល់ បន្ទាប់ពីផ្ទុះវីរុស Hantavirus នៅលើកប៉ាល់កម្សាន្តមួយគ្រឿងឈ្មោះ MV Hondius
បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងចាត់វិធានការយ៉ាងបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Hantavirus បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺនេះនៅលើកប៉ាល់កម្សាន្តមួយគ្រឿងឈ្មោះ MV Hondius ដែលបណ្តាលឱ្យមនុស្ស ៣ នាក់បានបាត់បង់ជីវិត។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានករណីឆ្លងដែលត្រូវបានបញ្ជាក់ចំនួន ៥ករណី និងករណីសង្ស័យចំនួន ៣ករណីទៀត។ ជនរងគ្រោះដែលបានស្លាប់ រួមមានប្តីប្រពន្ធជនជាតិហូឡង់ និងជនជាតិអាល្លឺម៉ង់ម្នាក់។
អាជ្ញាធរសុខាភិបាលកំពុងប្រញាប់ប្រញាល់តាមដានរកអ្នកដំណើរដែលបានចុះពីកប៉ាល់ នៅតាមចំណុចឈប់ចតនានា ចាប់តាំងពីចុងខែមីនា ជាពិសេសអ្នកដែលបានចុះនៅកោះ St. Helena កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦។
បណ្តាប្រទេសដូចជា សហរដ្ឋអាមេរិក អង់គ្លេស ហូឡង់ អាល្លឺម៉ង់ ស្វីស និងកាណាដា កំពុងតាមដានយ៉ាងដិតដល់លើពលរដ្ឋរបស់ខ្លួនដែលបានធ្វើដំណើរតាមកប៉ាល់នេះ ទោះបីជាពួកគេមិនទាន់ចេញរោគសញ្ញាក៏ដោយ។
អ្នកជំងឺមួយចំនួនត្រូវបានជម្លៀសចេញពីកប៉ាល់ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសហូឡង់ និងអាល្លឺម៉ង់។
មន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា វីរុស Hantavirus នេះមិនមែនជាវីរុសកូរ៉ូណា (COVID-19) នោះទេ។ ជាទូទៅ វីរុសនេះឆ្លងតាមរយៈសត្វកណ្តុរ ប៉ុន្តែក្នុងករណីកម្រ វាអាចឆ្លងពីមនុស្សទៅមនុស្សបាន ជាពិសេសពូជវីរុសប្រភេទ "Andean" ដែលត្រូវបានរកឃើញលើជនរងគ្រោះ។ យ៉ាងណាមិញ WHO បានវាយតម្លៃថា ហានិភ័យចំពោះសាធារណជនទូទៅនៅមានកម្រិតទាបនៅឡើយ។
បច្ចុប្បន្ន កប៉ាល់ MV Hondius កំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Canary ប្រទេសអេស្ប៉ាញ ដែលរំពឹងថានឹងទៅដល់នៅចុងសប្តាហ៍នេះ ដើម្បីឱ្យអ្នកដំណើរដែលនៅសេសសល់អាចចុះពីកប៉ាល់ និងត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ ក្រោមការត្រួតពិនិត្យសុខភាពយ៉ាងតឹងរ៉ឹង៕

ប្រភព៖CNA


















