ជោគវាសនាអ្នកនាវិករាប់ម៉ឺននាក់ស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈអាមេរិក និងអុីរ៉ង់កំពុងពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព
ស្របពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ជោគវាសនារបស់នាវិករាប់ពាន់នាក់ កំពុងជាប់គាំងនៅលើនាវាដឹកទំនិញ និងនាវាដឹកប្រេងនៅតាមបណ្តោយច្រកសមុទ្រ Hormuz នៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។
មនុស្សរាប់ម៉ឺននាក់កំពុងជាប់គាំងនៅកណ្តាលសមុទ្រដោយគ្មានសេរីភាព កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយសារការជាប់គាំងអស់រយៈពេលជាច្រើនខែ ចំពេលដែលមានការឡោមព័ទ្ធ និងការរឹតបន្តឹងសន្តិសុខក្នុងតំបន់។ នាវិកជាច្រើនបានរាយការណ៍អំពីការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំសង្កត់ រួមទាំងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងដោយសារមិនដឹងពីពេលវេលាពិតប្រាកដដែលពួកគេអាចត្រឡប់ទៅផ្ទះវិញបាន។
ទោះបីជាមានសញ្ញាវិជ្ជមានពីការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ក៏ដោយ ក៏ការអនុវត្តជាក់ស្តែងនៅលើផ្ទៃទឹកនៅតែមានភាពស្មុគស្មាញ។ នាវាជាច្រើនគ្រឿងមិនទាន់ទទួលបានការអនុញ្ញាតឱ្យចាកចេញពីតំបន់ជម្លោះនៅឡើយ ដោយសារការបារម្ភពីសុវត្ថិភាព និងការរង់ចាំការសម្រេចចិត្តជាផ្លូវការពីអាជ្ញាធរនៃប្រទេសទាំងពីរ។ អ្នកជំនាញខាងនាវាចរណ៍បានលើកឡើងថា ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាក៏ដោយ ក៏ដំណើរការនៃការដោះលែង និងការធ្វើមាតុភូមិនិវត្តន៍របស់នាវិកទាំងនោះអាចនឹងត្រូវចំណាយពេលយូរបន្ថែមទៀត។
ស្របពេលជាមួយគ្នានេះ អង្គការអន្តរជាតិ និងសហជីពអ្នកសមុទ្របានអំពាវនាវយ៉ាងទទូចដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យដាក់បញ្ហាសុខុមាលភាពរបស់នាវិកជាអាទិភាពខ្ពស់បំផុតក្នុងកិច្ចចរចា។ ពួកគេបានសង្កត់ធ្ងន់ថា អ្នកសមុទ្រទាំងនេះគឺជាជនរងគ្រោះនៃជម្លោះភូមិសាស្ត្រនយោបាយ ហើយមិនគួរត្រូវបានទុកចោលឱ្យរងទុក្ខក្នុងស្ថានភាពដ៏លំបាកបែបនេះឡើយ ខណៈដែលពិភពលោកកំពុងរង់ចាំមើលលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ៕

ប្រភព៖Al Jazeera English


















