អាមេរិក និងអុីរ៉ង់ បើកការវាយប្រហារគ្នាទៅវិញទៅមកនៅច្រកសមុទ្រ Hormuz

ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបានត្រឡប់មកក្តៅគគុកវិញ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងកម្លាំងអុីរ៉ង់ បានបើកការបាញ់ប្រហារដាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លានៅច្រកសមុទ្រ Hormuz ដែលនេះជាការប៉ះទង្គិចដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីមានកិច្ចព្រមព្រៀងឈប់បាញ់គ្នារយៈពេលមួយខែកន្លងមក។

 
អាមេរិក និងអុីរ៉ង់ បើកការវាយប្រហារគ្នាទៅវិញទៅមកនៅច្រកសមុទ្រ Hormuz

ជម្លោះប្រដាប់អាវុធនេះបានផ្ទុះឡើងនៅពេលដែលយោធាអ៊ីរ៉ង់បានចោទប្រកាន់ភាគីអាមេរិកថាបានបំពានកិច្ចព្រមព្រៀង ដោយការកំណត់គោលដៅវាយប្រហារលើនាវាដឹកប្រេងរបស់ខ្លួន។ ជាការឆ្លើយតប បញ្ជាការដ្ឋានកណ្តាលអាមេរិក បានបញ្ជាក់ថា ខ្លួនចាំបាច់ត្រូវតែបាញ់តបតវិញដើម្បីការពារខ្លួន បន្ទាប់ពីកងកម្លាំងអ៊ីរ៉ង់បានប្រើប្រាស់គ្រាប់មីស៊ីល យន្តហោះដ្រូន និងទូកល្បឿនលឿនតូចៗ វាយប្រហារលើនាវាបំផ្លាញ របស់អាមេរិកចំនួន ៣ គ្រឿង ដែលកំពុងបំពេញបេសកកម្មក្នុងតំបន់នោះ។
ទាក់ទិននឹងការខូចខាត ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងតាមរយៈបណ្តាញសង្គមថា នាវាចម្បាំងរបស់អាមេរិកមិនមានរងការខូចខាតឡើយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ភាគីអ៊ីរ៉ង់បានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះទូកចម្បាំងតូចៗជាច្រើនគ្រឿងត្រូវបានបំផ្លាញខ្ទេច។
ទោះបីជាស្ថានភាពហាក់មានភាពតានតឹងខ្លាំងក៏ដោយ លោកប្រធានាធិបតី ត្រាំ បានព្យាយាមកាត់បន្ថយទម្ងន់នៃបញ្ហានេះ ដោយហៅការប៉ះទង្គិចគ្នាថាជា ការដាស់តឿនស្រាលៗនិងបញ្ជាក់ថាកិច្ចព្រមព្រៀងឈប់បាញ់នៅតែមានសុពលភាពនៅឡើយ។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ក៏បានរាយការណ៍ដែរថា ស្ថានភាពនៅតាមតំបន់ឆ្នេរបានត្រឡប់មកសភាពធម្មតាវិញហើយ ក្រោយការបាញ់ប្រហារគ្នាអស់រយៈពេលប៉ុន្មានម៉ោង។
គួរបញ្ជាក់ថា ការប៉ះទង្គិចនេះកើតឡើងចំពេលដែលពិភពលោកកំពុងតាមដានការចរចារវាងប្រទេសទាំងពីរ ជុំវិញបញ្ហាស្នូលដូចជា កម្មវិធីនុយក្លេអ៊ែរ និងការធានាសន្តិសុខសម្រាប់ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រដ៏សំខាន់មួយនេះ ដែលបច្ចុប្បន្ននៅមិនទាន់មានដំណោះស្រាយច្បាស់លាស់ណាមួយនៅឡើយទេ៕

ប្រភព៖Aljazeera