ដំណឹងល្អ! ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានចុះកិច្ចសន្យាបញ្ជាទិញយន្តហោះបូអ៊ីង 737-8 (737 MAX)ចំនួន ២០គ្រឿងពីក្រុមហ៊ុន BOEING

សឹង្ហបុរី ៖ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាកាសចរណ៍ឆាងហ្គី(Changi Aviation Summit 2026) និងកម្មវិធីពិព័រណ៍អាកាសយានឆ្នាំ២០២៦ (Singapore Airshow 2026)នៅប្រទេសសឹង្ហបុរី នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ

 
ដំណឹងល្អ! ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានចុះកិច្ចសន្យាបញ្ជាទិញយន្តហោះបូអ៊ីង 737-8 (737 MAX)ចំនួន ២០គ្រឿងពីក្រុមហ៊ុន BOEING

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) បាអញ្ជើញចូលរួមក្នុងពិធីប្រកាសកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះ ដឹកអ្នកដំណើរប្រភេទ 737 MAX សរុបចំនួន២០គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ពីក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក។

នេះគឺជាកិច្ចព្រមព្រៀងធំបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក្នុងការទិញយន្តហោះខ្នាត single-aisle និងជាលើកដំបូងក្នុងការទិញយន្តហោះពីក្រុមហ៊ុន Boeing។ យន្តហោះ 737-8 ឬហៅថា 737 MAX 8 នេះ អាចផ្ទុកអ្នកដំណើរសរុបបានដល់ ១៧៨នាក់ និងហោះបានចម្ងាយ៦៤៨០គីឡូម៉ែត្រ។

សូមជម្រាបថា យន្តហោះប្រភេទ 737-8 (737 MAX) ជាយន្តហោះទំនើបបំផុត ផ្ដល់ទាំងផាសុកភាព និងឈានមុខគេផ្នែកសន្សំសំចៃប្រេង។រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាត់ទុកការវិនិយោគនេះជាជំហានថ្មីមួយដើម្បីកែលម្អ និងពង្រីកវិសាលភាពរបស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ស្របពេលដែលវិស័យអាកាសចរណ៍កម្ពុជាកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការតភ្ជាប់ជើងហោះហើរនៅទូទាំងតំបន់អាស៊ី។ កិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះ រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នាពេលនេះជាការវិវត្តដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា៕











ប្រភព
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល State Secretariat of Civil Aviation