លោក ដូណាល់ ត្រាំ ព្រមានអង្គការ NATO និងបានជំរុញឱ្យចិន បង្កើនតួនាទីក្នុងការដោះស្រាយវិបត្តិនៅច្រកសមុទ្រហ័រមូសឡើងវិញ
សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump បានដាក់សម្ពាធយ៉ាងខ្លាំងដល់បណ្តាប្រទេសមហាអំណាច និងសម្ព័ន្ធមិត្តឱ្យចូលរួមទទួលខុសត្រូវលើសន្តិសុខនៅច្រកសមុទ្រ Hormuz ដែលជាចំណុចយុទ្ធសាស្ត្រដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក។
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកាន់តែមានភាពឡើងកម្ដៅខ្លាំង ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានធ្ងន់ៗទៅកាន់សម្ព័ន្ធមិត្ត NATO និងបានជំរុញឱ្យចិន បង្កើនតួនាទីក្នុងការដោះស្រាយវិបត្តិនៅច្រកសមុទ្រហ័រមូស។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia លោក ដូណាល់ ត្រាំ បានលើកឡើងនូវចំណុចសំខាន់ៗដូចជា៖
១. ការព្រមានដល់សម្ព័ន្ធមិត្ត NATO៖លោក ត្រាំ បានបញ្ជាក់ថា អង្គការ NATO នឹងត្រូវប្រឈមមុខនឹងអនាគតដ៏ "អាក្រក់ខ្លាំង" ប្រសិនបើសមាជិកទាំងអស់មិនព្រមចូលរួមជួយបើកច្រកសមុទ្រហ័រមូសឡើងវិញ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសដែលទទួលបានផលប្រយោជន៍ពីផ្លូវទឹកនេះ គួរតែបញ្ជូននាវាចម្បាំង និងនាវាបោសសម្អាតមីន ដើម្បីការពារសន្តិសុខនាវាចរណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់។
២. ការដាក់សម្ពាធលើទីក្រុងប៉េកាំង៖ប្រធានាធិបតីអាមេរិករូបនេះ បានរំលឹកថា ៩០% នៃប្រេងកាតរបស់ចិន ត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះ ដូច្នេះចិនមិនអាចឈរមើលពីចម្ងាយបានឡើយ។ លោកក៏បានព្រមានផ្អាកគម្រោងជំនួបកំពូលជាមួយលោក ស៊ី ជីនពីង ដោយរង់ចាំមើលជំហរច្បាស់លាស់របស់ទីក្រុងប៉េកាំងជាមុនសិន។
៣. ការឆ្លើយតបចំពោះអ៊ីរ៉ង់៖លោក ត្រាំ បានព្រមានថា សហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារបន្ថែមទៀតលើកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់។ លោកបានអះអាងថា អាមេរិកមានសមត្ថភាពកម្ទេចហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ ក្នុងរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះប្រសិនបើទីក្រុងតេអេរ៉ង់ នៅតែបន្តបិទផ្លូវទឹកអន្តរជាតិមួយនេះ៕



ប្រភព៖ CNA


















