តម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ ក្រោយភាព មិនច្បាស់លាស់នៃកិច្ចចរចាសន្តិភាពរវាងអាមេរិក និងអុីរ៉ង់
ទីផ្សារថាមពលសកលកំពុងជួបប្រទះនូវការប្រែប្រួលយ៉ាងខ្លាំងនៅថ្ងៃនេះ បន្ទាប់ពីតម្លៃប្រេងបានហក់ឡើងខ្ពស់ភ្លាមៗ។ ការកើនឡើងនេះ ចំពេលដែលមានសញ្ញាចម្រុះគ្នា និងភាពមិនច្បាស់លាស់ជុំវិញកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ ដែលបានធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភជាខ្លាំង។
យោងតាមរបាយការណ៍ចុងក្រោយ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងលើសពី ៧,៥ ភាគរយ ក្នុងមួយធុង ខណៈដែលប្រេងប្រភេទ West Texas Intermediate (WTI) ក៏បានហក់ឡើងក្នុងកម្រិតប្រហាក់ប្រហែលគ្នាផងដែរ។ មូលហេតុចម្បងដែលរុញច្រានតម្លៃប្រេងឱ្យឡើងខ្ពស់បែបនេះ គឺបន្ទាប់ពីមានការរាយការណ៍អំពីការប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ច្រកសមុទ្រ Hormuz និងការប្រកាសផ្អាកកិច្ចចរចាសន្តិភាពពីសំណាក់ភាគីអ៊ីរ៉ង់។
អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ទីផ្សារកំពុងស្ថិតក្នុងស្ថានភាពភ័យខ្លាចចំពោះការរអាក់រអួលនៃការផ្គត់ផ្គង់ថាមពលចេញពីតំបន់មជ្ឈិមបូព៌ា។ បើទោះបីជាមានការប៉ុនប៉ងសម្របសម្រួលពីបណ្តាប្រទេសជាមហាអំណាចខ្លះក៏ដោយ ប៉ុន្តែសញ្ញា "វិជ្ជមាន និងអវិជ្ជមាន" ដែលកើតឡើងក្នុងពេលតែមួយ បានធ្វើឱ្យក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងកាន់តែមានភាពស្រពិចស្រពិល។
ប្រសិនបើភាពតានតឹងនេះនៅតែបន្តអូសបន្លាយ ពិភពលោកអាចនឹងប្រឈមមុខនឹងវិបត្តិអតិផរណាសារជាថ្មី ដែលនឹងធ្វើឱ្យតម្លៃទំនិញ និងសេវាកម្មដឹកជញ្ជូនកើនឡើងគ្រប់ទីកន្លែង។ ក្រុមហ៊ុនដឹកជញ្ជូនប្រេងធំៗបានចាប់ផ្តើមពិចារណាលើការប្តូរផ្លូវនាវា ដើម្បីបញ្ចៀសហានិភ័យ ដែលទង្វើនេះនឹងកាន់តែបន្ថែមបន្ទុកចំណាយទៅលើថ្លៃដើមដឹកជញ្ជូនកាន់តែខ្លាំង៕
ប្រភព៖Aljazeera


















