ជប៉ុនជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៤ រុិកទ័រ
រសៀលថ្ងៃច័ន្ទ ទី ២០ ខែមេសា ឆ្នាំ ២០២៦ នេះ ភ្នាក់ងារឧតុនិយមជប៉ុនបានរាយការណ៍ថា មានគ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.៤ រុិកទ័រ បានវាយប្រហារនៅតំបន់ឆ្នេរសមុទ្រភាគឦសាននៃប្រទេសជប៉ុន។
ព្រឹត្តិការណ៍នេះបានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង ខណៈដែលអាជ្ញាធរបានចេញសេចក្តីប្រកាសអាសន្នជាបន្ទាន់អំពី "រលកយក្សស៊ូណាមិ"។
យោងតាមទិន្នន័យបឋម ការរញ្ជួយដីនេះបានកើតឡើងនៅក្រោមបាតសមុទ្រ ដែលធ្វើឱ្យរំញ័រអាចដឹងបានយ៉ាងច្បាស់នៅតាមបណ្តាខេត្តមួយចំនួន។ ភ្លាមៗបន្ទាប់ពីការរញ្ជួយ អាជ្ញាធរជប៉ុនបានចេញសេចក្តីព្រមានពីរលកយក្សស៊ូណាមិ ដោយរំពឹងថាអាចនឹងមានរលកកម្ពស់រហូតដល់ ៣ ម៉ែត្រ បោកបក់មកលើតំបន់ឆ្នេរនៃខេត្ត Iwate និងកោះ Hokkaido។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយឆ្នេរសមុទ្រក្នុងតំបន់រងគ្រោះ ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនជាបន្ទាន់ទៅកាន់ទីទួលខ្ពស់ ឬអគារដែលមានសុវត្ថិភាព។ ជាមួយគ្នានេះដែរ ប្រព័ន្ធដឹកជញ្ជូន រួមមានរថភ្លើងល្បឿនលឿន និងជើងហោះហើរមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីពិនិត្យមើលការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។
រហូតមកដល់ម៉ោងនេះ មិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់អំពីចំនួនអ្នករងគ្រោះ ឬទំហំនៃការខូចខាតនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលជប៉ុនបានបង្កើតមជ្ឈមណ្ឌលឆ្លើយតបគ្រោះអាសន្ននៅវិមាននាយករដ្ឋមន្ត្រីដើម្បីតាមដានស្ថានការណ៍នេះយ៉ាងដិតដល់បំផុត៕

ប្រភព៖CNA


















