កងកម្លាំងយោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារយ៉ាងចាស់ដៃទៅលើទីតាំងគ្រប់គ្រងរបស់ក្រុមជនជាតិការ៉ែន
ស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ និងមីយ៉ាន់ម៉ា បានឡើងកម្តៅខ្លាំងកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍នេះ បន្ទាប់ពីកងកម្លាំងយោធាមីយ៉ាន់ម៉ា បានបើកការវាយលុកយ៉ាងចាស់ដៃទៅលើទីតាំងគ្រប់គ្រងរបស់សហភាពជាតិការ៉ែន ឬហៅកាត់ថា KNU។ ស្នូរផ្ទុះ និងការបាញ់ប្រហារត្រូវបានគេរាយការណ៍ថា ឮរហូតមកដល់ទីក្រុង Mae Sot របស់ប្រទេសថៃ។
យោងតាមសេចក្តីរាយការណ៍ កងពលថ្មើរជើងស្រាលលេខ ២២ របស់យោធាមីយ៉ាន់ម៉ា បានប្រើប្រាស់អាវុធធុនធ្ងន់ និងអាវុធធុនស្រាល បាញ់សម្រុកទៅលើទីតាំងរបស់ក្រុម KNU នៅក្នុងភូមិមួយចំនួន ក្នុងស្រុក Myawaddy រដ្ឋការ៉ែន ដែលស្ថិតនៅទល់មុខនឹងស្រុក Mae Sot ខេត្ត Tak របស់ប្រទេសថៃ។
កិច្ចខិតខំប្រឹងប្រែងជាច្រើនខែរបស់យោធាមីយ៉ាន់ម៉ា ក្នុងការដណ្តើមគ្រប់គ្រងតំបន់យុទ្ធសាស្ត្រនេះមកវិញ។ បើទោះបីជាមានការបញ្ជូនកងទ័ពជើងគោក និងវាយប្រហារតាមអាកាសដោយប្រើប្រាស់យន្តហោះចម្បាំង និងដ្រូនយ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ កងទ័ពរដ្ឋាភិបាលនៅតែមិនទាន់អាចបណ្តេញកងកម្លាំង KNU ចេញពីទីតាំងទាំងនោះបាននៅឡើយទេ ដែលបង្កឱ្យមានការប្រយុទ្ធគ្នាយ៉ាងរ៉ាំរ៉ៃ។
នៅក្នុងការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមតាំងពីព្រលឹមស្រាងៗនេះ មិនមានសេចក្តីរាយការណ៍អំពីគ្រាប់កាំភ្លើងផ្លោងធ្លាក់ចូលមកក្នុងទឹកដីថៃនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងការពារព្រំដែនរបស់ថៃ រួមមានអង្គភាពពិសេស Rachamanu និងប៉ូលិសការពារព្រំដែនលេខ ៣៤៦ បានដាក់ពង្រាយកម្លាំងបន្ថែម និងពង្រឹងទីតាំងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែន ដើម្បីការពារការរំលោភបំពានលើអធិបតេយ្យភាពទឹកដីថៃ៕

ប្រភព៖Khaosod English


















