អាមេរិក ថ្កោលទោសអាហ្វ្រិកខាងត្បូង ចំពោះការបណ្តេញអ្នកការទូតជាន់ខ្ពស់របស់អុីស្រាអែលចេញពីប្រទេសរបស់ខ្លួន
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកម្នាក់បានមានប្រសាសន៍ថា អាមេរិកបានថ្កោលទោសការសម្រេចចិត្តរបស់អាហ្វ្រិកខាងត្បូង ចំពោះការបណ្តេញអ្នកការទូតជាន់ខ្ពស់របស់អុីស្រាអែលចេញកាលពីសប្តាហ៍មុន ដោយហៅទង្វើរបស់ប្រទេសអាហ្វ្រិកនេះថា ជានយោបាយអយុត្តិធម៍។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៦។

លោក Tommy Pigott (ថមមី ភិកហ្គេត) អ្នកនាំពាក្យរងក្រសួងការបរទេស បាននិយាយនៅលើបណ្តាញសង្គម X ថា ការបណ្តេញអ្នកការទូតអ៊ីស្រាអែល ពីបទចោទប្រកាន់ពីទំនាក់ទំនងរបស់គណបក្សសមាជជាតិអាហ្វ្រិកជាមួយក្រុមហាម៉ាស និងក្រុមជ្រុលនិយមប្រឆាំងពួកយូដាផ្សេងទៀត បានផ្តល់អាទិភាពដល់នយោបាយដែលមិនមានផលល្អសម្រាប់អាហ្វ្រិកខាងត្បូង និងប្រជាពលរដ្ឋរបស់ខ្លួន។
អាហ្វ្រិកខាងត្បូង បានប្រកាសថាអ្នកការទូតកំពូលនៅស្ថានទូតអ៊ីស្រាអែល ជាបុគ្គលមិនគួរស្វាគមន៍ ហើយបានបញ្ជាឱ្យចាកចេញក្នុងរយៈពេល ៧២ ម៉ោង។ ខ្លួនបានចោទប្រកាន់អ្នកការទូតកំពូល ពីបទ រំលោភបំពានបទដ្ឋាន និងការអនុវត្តការទូតដែលមិនអាចទទួលយកបាន រួមទាំងការប្រមាថប្រធានាធិបតីអាហ្វ្រិកខាងត្បូង។ ភ្លាមៗអ៊ីស្រាអែលក៏បានឆ្លើយតបដោយការបណ្តេញអ្នកតំណាងការទូតជាន់ខ្ពស់របស់អាហ្វ្រិកខាងត្បូងទៅកាន់ប្រទេសរបស់ខ្លួនវិញ។

សូមជម្រាបថា អ៊ីស្រាអែល និងអាហ្វ្រិកខាងត្បូង មានទំនាក់ទំនងតានតឹងជាមួយគ្នាចាប់តាំងពី ឆ្នាំ ២០២៤ ដែលមានសំណុំរឿងប្រល័យពូជសាសន៍នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សា។ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស និងអ្នកប្រាជ្ញជាច្រើន ក៏បានហៅការវាយប្រហាររបស់អ៊ីស្រាអែលថាជារបបប្រល័យពូជសាសន៍ផងដែរ។ ផ្ទុយទៅវិញ អ៊ីស្រាអែលបានបដិសេធការចោទប្រកាន់នេះ ហើយបានហៅសកម្មភាពរបស់ខ្លួនថាជាការការពារខ្លួន បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសក្នុងខែតុលា ឆ្នាំ ២០២៣៕
ប្រភព៖ Reuters
ទំនាក់ទំនងការផ្សាយ៖ 085 999 070 / 098 999 070 សូមចុច join Telegram https://t.me/cngtvcambodia






































