ជប៉ុនត្រៀមបញ្ចេញប្រេងពីឃ្លាំងបម្រុងរួមគ្នា ដើម្បីទប់ទល់នឹងវិបត្តិថាមពលក្នុងតំបន់មជ្ឈិមបូព៌ា

ស្របពេលដែលសង្គ្រាមរវាងអុីរ៉ង់ និងអុីស្រាអែលកំពុងបង្កការរំខានដល់ការដឹកជញ្ជូនថាមពលពីមជ្ឈិមបូព៌ា រដ្ឋាភិបាលជប៉ុនបានប្រកាសជាផ្លូវការនូវវិធានការសង្គ្រោះបន្ទាន់ ដោយត្រៀមបញ្ចេញប្រេងពីឃ្លាំងបម្រុងជាតិ និងឃ្លាំងបម្រុងរួមគ្នានៅចុងខែមីនានេះ។

 
ជប៉ុនត្រៀមបញ្ចេញប្រេងពីឃ្លាំងបម្រុងរួមគ្នា ដើម្បីទប់ទល់នឹងវិបត្តិថាមពលក្នុងតំបន់មជ្ឈិមបូព៌ា

លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន សាណេ តាកាអ៊ីឈី (Sanae Takaichi) បានបញ្ជាក់តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃអង្គារទី ២៤ ខែមីនា ឆ្នាំ២០២៦ថា ជប៉ុននឹងចាប់ផ្តើមបញ្ចេញប្រេងពីឃ្លាំងបម្រុងរដ្ឋ ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ។ វិធានការនេះរួមមាន៖

១. ការបញ្ចេញប្រេងដែលជាចំណែករបស់ជប៉ុន ក្រោមកិច្ចសម្របសម្រួលជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលមានចំនួនសរុបជិត ៨០ លានបារ៉ែល។

២. ការយកប្រេងបម្រុងជាតិសម្រាប់រយៈពេល មួយខែ បន្ថែមលើការបញ្ចេញប្រេងពីវិស័យឯកជនដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។

៣. អ្វីដែលពិសេសនោះ ជប៉ុនក៏គ្រោងនឹងបញ្ចេញប្រេងពី «ឃ្លាំងបម្រុងរួមគ្នា» ដែលកាន់កាប់ដោយប្រទេសផលិតប្រេងធំៗដូចជា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងគុយវ៉ែត ដែលមានទីតាំងនៅក្នុប្រទេសជប៉ុនផងដែរ៕





ប្រភព៖ CNA