អុីរ៉ង់ប្រកាសត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែត្រូវឈរលើគោលការណ៍ «សេចក្តីថ្លៃថ្នូរ»

ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែមានភាពស្រួចស្រាវ មន្ត្រីជាន់ខ្ពស់របស់អុីរ៉ង់បានចេញមកថ្លែងសារយ៉ាងច្បាស់ៗ អំពីឆន្ទៈរបស់ទីក្រុងតេអេរ៉ង់ ក្នុងការស្វែងរកសន្តិភាព និងការបញ្ចប់ជម្លោះ។

 
អុីរ៉ង់ប្រកាសត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែត្រូវឈរលើគោលការណ៍ «សេចក្តីថ្លៃថ្នូរ»

នៅក្នុងបទសម្ភាសន៍មួយ មន្ត្រីសាសនា និងជាតំណាងរបស់អ៊ីរ៉ង់បានបញ្ជាក់ថា អ៊ីរ៉ង់គឺ «ត្រៀមខ្លួនរួចជាស្រេច» ក្នុងការបញ្ឈប់សង្គ្រាមដែលកំពុងឆាបឆេះនាពេលបច្ចុប្បន្ន។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនត្រឹមតែចង់ឱ្យសង្គ្រាមបញ្ចប់នោះទេ ប៉ុន្តែក៏បានបើកចំហរទ្វារសម្រាប់ការចរចាផងដែរ។

មន្ត្រីរូបនេះបានថ្លែងថា៖"យើងត្រៀមខ្លួនរួចរាល់សម្រាប់ការចរចា ប៉ុន្តែការចរចានោះត្រូវតែធ្វើឡើងប្រកបដោយ សេចក្តីថ្លៃថ្នូរ ។ វាមិនមែនជាការបង្ខិតបង្ខំ ឬការដាក់សម្ពាធណាមួយប្រឆាំងនឹងអ៊ីរ៉ង់នោះឡើយ។"

សារនេះត្រូវបានធ្វើឡើងចំពេលដែលអ៊ីរ៉ង់កំពុងរងសម្ពាធពីសហគមន៍អន្តរជាតិ និងការគំរាមកំហែងពីការវាយប្រហារផ្សេងៗ។ តំណាងអ៊ីរ៉ង់រូបនេះក៏បានបញ្ជាក់បន្ថែមថា អ្វីដែលអ៊ីរ៉ង់កំពុងធ្វើនាពេលនេះ គឺគ្រាន់តែជាការការពារខ្លួន តែប៉ុណ្ណោះ ហើយអ៊ីរ៉ង់នៅតែបន្តសម្លឹងរកមើលដំណោះស្រាយដោយសន្តិវិធីសម្រាប់អនាគត។

ការថ្លែងរបស់មន្ត្រីអ៊ីរ៉ង់រូបនេះ ហាក់ដូចជាចង់បញ្ជូនសារទៅកាន់ពិភពលោកថា អ៊ីរ៉ង់មិនចង់ឱ្យសង្គ្រាមរីកសាយភាយកាន់តែធំនោះទេ ប៉ុន្តែពួកគេក៏មិនអាចទទួលយកបាននូវកិច្ចព្រមព្រៀងណាដែលធ្វើឱ្យបាត់បង់អធិបតេយ្យភាព ឬភាពថ្លៃថ្នូររបស់ជាតិខ្លួននោះដែរ។

គិតមកទល់ពេលនេះ ប្រទេសមហាអំណាចជាច្រើនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើការត្រៀមខ្លួនចរចារបស់អ៊ីរ៉ង់ នឹងអាចឈានទៅដល់ការឈប់បាញ់គ្នាពិតប្រាកដ ឬយ៉ាងណា?


 

 
ប្រភព៖ CNA