អាមេរិករឹបអូសនាវាដឹកទំនិញអុីរ៉ង់ ខណៈកិច្ចចរចាសន្តិភាពកំពុងស្ថិតក្នុងភាពស្រពិចស្រពិល
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបានធ្លាក់ក្នុងភាពរកាំរកូសខ្លាំងសារជាថ្មី បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធនៅកណ្តាលសមុទ្ររវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងនាវាដឹកទំនិញរបស់អុីរ៉ង់។
កាលពីថ្ងៃអាទិត្យកន្លងទៅ កងទ័ពជើងទឹកអាមេរិកបានបើកការបាញ់ប្រហារទៅលើនាវាដឹកទំនិញអ៊ីរ៉ង់ដែលមានឈ្មោះថា "Touska" នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់ រហូតឈានដល់ការរឹបអូសនាវានោះជាស្ថាពរ។
យោងតាមការបញ្ជាក់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មូលហេតុដែលនាំឱ្យមានការប្រើប្រាស់កម្លាំងបាយនេះ គឺដោយសារតែនាវាអ៊ីរ៉ង់បានព្យាយាមបើកបរទម្លុះតំបន់បិទខ្ទប់ផ្លូវទឹកដែលដាក់ចេញដោយសហរដ្ឋអាមេរិក។ ក្នុងប្រតិបត្តិការនោះ គ្រាប់កាំភ្លើងបានបាញ់ចំផ្នែកម៉ាស៊ីនរបស់នាវា បណ្តាលឱ្យនាវាត្រូវបង្ខំចិត្តឈប់ដំណើរការភ្លាមៗ។
ជាការឆ្លើយតបភ្លាមៗ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់អាមេរិក ដោយហៅទង្វើនេះថាជា "ចោរកម្មសមុទ្រ"។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់ក៏បានសម្រេចចិត្តលុបចោលការចូលរួមកិច្ចចរចាសន្តិភាពជុំទីពីរ ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងប្រទេសប៉ាគីស្ថានផងដែរ។
សូមជម្រាបថា ការវិវត្តន៍ចុងក្រោយនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលខ្លីកំពុងស្ថិតក្នុងភាពរង្គោះរង្គើ។ អ្នកវិភាគសេដ្ឋកិច្ចបានព្រមានថា ប្រសិនបើភាពតានតឹងនេះនៅតែបន្តអូសបន្លាយ វានឹងជះឥទ្ធិពលអាក្រក់ដល់ស្ថិរភាពនៃការដឹកជញ្ជូនថាមពលសកល និងអាចធ្វើឱ្យតម្លៃប្រេងលើទីផ្សារពិភពលោកហក់ឡើងខ្ពស់ ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាច្រើន៕

ប្រភព៖CNA


















