លោក ត្រាំ បង្ហាញសញ្ញាវិជ្ជមានចំពោះកិច្ចព្រមព្រៀង ជាមួយអុីរ៉ង់ ខណ:អុីស្រាអែលបន្តទម្លាក់គ្រាប់បែកនៅលីបង់
ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ានៅថ្ងៃព្រហស្បតិ៍ ទី ៧ ខែឧសភា ឆ្នាំ ២០២៦ នេះ កំពុងស្ថិតក្នុងសភាពចម្រុះគ្នា រវាងក្តីសង្ឃឹមនៃកិច្ចចរចា និងការបន្តឆេះឆួលនៃអណ្តាតសង្គ្រាម។
យោងតាមរបាយការណ៍បន្តផ្ទាល់ពី Al Jazeera មានព្រឹត្តិការណ៍សំខាន់ៗចំនួនពីរដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
១.ចំណុចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅថ្ងៃនេះ គឺការថ្លែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានលើកឡើងថា "កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ គឺអាចទៅរួច"។ ការថ្លែងបែបនេះបានធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានបង្ហាញឆន្ទៈចង់បានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយកាលពីម្សិលមិញ។ លោក ត្រាំ បានបង្ហើបថា លោកមិនចង់ឃើញសង្គ្រាមនោះទេ ហើយលោកត្រៀមខ្លួនជាស្រេចក្នុងការអង្គុយតុចរចា ប្រសិនបើអ៊ីរ៉ង់បោះបង់មហិច្ឆតានុយក្លេអ៊ែរ និងការគាំទ្រក្រុមប្រដាប់អាវុធក្នុងតំបន់។
២.ផ្ទុយស្រឡះពីសញ្ញាវិជ្ជមានរវាងអាមេរិក និងអ៊ីរ៉ង់ ស្ថានការណ៍នៅលើសមរភូមិជាក់ស្តែងរវាងអ៊ីស្រាអែល និងក្រុម Hezbollah (ហេសបូឡា) កំពុងឡើងកម្ដៅខ្លាំង។ នៅព្រឹកនេះ កងទ័ពអាកាសអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់។ សេចក្តីរាយការណ៍បានបញ្ជាក់ថា គ្រាប់បែកជាច្រើនគ្រាប់បានធ្លាក់ចំគោលដៅដែលអ៊ីស្រាអែលអះអាងថា ជាមជ្ឈមណ្ឌលបញ្ជាការ និងឃ្លាំងអាវុធរបស់ក្រុមហេសបូឡា ដែលបង្កឱ្យមានផ្សែងខ្មៅហុយទ្រលោមពេញផ្ទៃមេឃ។
អ្នកសង្កេតការណ៍យល់ឃើញថា នេះគឺជាយុទ្ធសាស្ត្រ "វាយផង ចរចាផង"។ ខណៈដែលអាមេរិកព្យាយាមទាញអ៊ីរ៉ង់ឱ្យមកតុចរចាដើម្បីកាត់បន្ថយឥទ្ធិពលក្នុងតំបន់ ចំណែកអ៊ីស្រាអែលហាក់ដូចជាកំពុងបង្កើនសម្ពាធយោធា ដើម្បីកម្ទេចកម្លាំងដែលនៅសេសសល់របស់សម្ព័ន្ធមិត្តអ៊ីរ៉ង់។ ការបន្តទម្លាក់គ្រាប់បែកនៅបេរូតនាពេលនេះ អាចក្លាយជាឧបសគ្គដល់ក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងដែលលោក ត្រាំ កំពុងចង់បាន៕

ប្រភព៖Aljazeera


















