កូរ៉េខាងជើងប្រកាសមិនគោរពតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ
ស្របពេលដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េកំពុងកើនកម្ដៅ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានចេញសេចក្ដីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ថា ខ្លួន “មិនមានការជាប់ជំពាក់ ឬស្ថិតក្រោមការចងកាតព្វកិច្ចនៃសន្ធិសញ្ញាណាមួយ” ពាក់ព័ន្ធនឹងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នោះទេ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ នេះ កូរ៉េខាងជើងបានបញ្ជាក់ច្បាស់ៗថា ខ្លួនមិនជាប់ជំពាក់នឹងសន្ធិសញ្ញា NPT (សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ) នោះទេ។ ទីក្រុងព្យុងយ៉ាងបានអះអាងថា ការពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន គឺជាសិទ្ធិស្វ័យការពារដ៏ស្របច្បាប់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា "គោលនយោបាយអរិភាព" ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។
ការប្រកាសនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាការដាក់ពង្រាយយុទ្ធោបករណ៍ធុនធ្ងន់របស់អាមេរិកមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលថ្មីៗនេះ។
សហគមន៍អន្តរជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជំហរដ៏រឹងរូសរបស់មេដឹកនាំ គីម ជុងអ៊ុន។ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យកូរ៉េខាងជើង ត្រឡប់មករកការចរចាវិញ និងគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ចំណែកឯប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានប្រកាសបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយបារម្ភថាការប្រកាសនេះ អាចជាសញ្ញានៃការត្រៀមធ្វើតេស្តអាវុធនុយក្លេអ៊ែរ ឬមីស៊ីលឆ្លងទ្វីបនាពេលឆាប់ៗខាងមុខ។
សូមជម្រាបថា កូរ៉េខាងជើងចង់រំលឹកទៅកាន់ពិភពលោកថា ខ្លួននៅតែជាតួអង្គដ៏មានឥទ្ធិពល និងអាចបង្កការគំរាមកំហែងបានគ្រប់ពេលវេលា៕

ប្រភព៖Aljazeera


















