រុស្ស៊ីផ្ញើសារព្រមានឱ្យអ្នកការទូតចាកចេញពីទីក្រុងកៀវ មុនការវាយប្រហារទ្រង់ទ្រាយធំ

ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនបានឈានដល់ចំណុចប្រកាសអាសន្នខ្ពស់បំផុតសារជាថ្មី។ យោងតាមរបាយការណ៍ពី Al Jazeera រដ្ឋាភិបាលទីក្រុងមូស្គូបានផ្ញើសារព្រមានយ៉ាងម៉ឺងម៉ាត់ ដល់បេសកកម្មការទូតអន្តរជាតិឱ្យចាកចេញពីទីក្រុងកៀវជាបន្ទាន់ ដែលនេះជាសញ្ញានៃការត្រៀមបើកការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាមិនធ្លាប់មាន។

 
រុស្ស៊ីផ្ញើសារព្រមានឱ្យអ្នកការទូតចាកចេញពីទីក្រុងកៀវ មុនការវាយប្រហារទ្រង់ទ្រាយធំ

កាលពីម្សិលមិញ ក្រសួងការបរទេសរុស្ស៊ីបានជូនដំណឹងដល់ស្ថានទូតបរទេសនានា ឱ្យជម្លៀសបុគ្គលិករបស់ខ្លួនចេញពីទីក្រុងកៀវ ដោយលើកឡើងពីហេតុផលសន្តិសុខ។ ការព្រមាននេះត្រូវបានអ្នកសង្កេតការណ៍យល់ឃើញថា ជាបុរេលក្ខខណ្ឌមុនពេលរុស្ស៊ីចាប់ផ្តើមយុទ្ធនាការ វាយប្រហារទ្រង់ទ្រាយធំទៅលើមជ្ឈមណ្ឌលបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។
ការវិវត្តន៍ដ៏តានតឹងនេះ កើតឡើងបន្ទាប់ពីមានការកើនឡើងនៃសកម្មភាពយោធានៅតាមព្រំដែន និងការចោទប្រកាន់គ្នាទៅវិញទៅមកលើការវាយប្រហារឆ្លងដែន។ អ្នកជំនាញយោធាព្រមានថា នេះអាចជាយុទ្ធសាស្ត្រ "បំបាក់ស្មារតី" ឬជាការត្រៀមលក្ខណៈសម្រាប់ដំណាក់កាលថ្មីនៃសង្គ្រាមដែលកាន់តែសាហាវជាងមុន។
នៅឯទីក្រុងកៀវឯណោះវិញ សេចក្តីរាយការណ៍បានឱ្យដឹងថា ភាពស្លន់ស្លោបានចាប់ផ្តើមរីករាលដាល ខណៈដែលស្ថានទូតមួយចំនួនបានចាប់ផ្តើមរុះរើ និងជម្លៀសបុគ្គលិកទៅកាន់តំបន់ដែលមានសុវត្ថិភាព ឬទៅកាន់ប្រទេសជិតខាងដូចជាប៉ូឡូញជាដើម។ រដ្ឋាភិបាលអ៊ុយក្រែនបានអំពាវនាវឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ការចុះទៅកាន់ជម្រកសុវត្ថិភាព។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប បានថ្កោលទោសចំពោះការគំរាមកំហែងនេះ ដោយចាត់ទុកថាជាការប៉ុនប៉ងបំភិតបំភ័យដល់សហគមន៍អន្តរជាតិ និងជាការរំលោភបំពានបន្ថែមទៀតលើច្បាប់មនុស្សធម៌៕

ប្រភព៖Aljazeera