ផ្ទុះខ្លាំងផ្អើលមេឃ! អុីស្រាអែល និងអាមេរិក បើកការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរលើមូលដ្ឋានទ័ពអាកាស IRGC ក្នុងខេត្ត Khuzestan របស់អុីរ៉ង់
ស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ាបានឈានដល់ដំណាក់កាលឆាបឆេះកាន់តែខ្លាំងឡើង បន្ទាប់ពីមានរបាយការណ៍អំពីការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើទឹកដីភាគនិរតីនៃប្រទេសអុីរ៉ង់។
កាលពីពេលថ្មីៗនេះ ការវាយប្រហារតាមអាកាសយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់កងទ័ពអាកាសអ៊ីស្រាអែល ដោយមានការចូលរួមពីសហរដ្ឋអាមេរិក បានវាយប្រហារចំក្រុង Dezful (ដេសហ្វូល) ស្ថិតក្នុងខេត្ត Khuzestan (ឃូហ្សេស្តង់) ភាគនិរតីនៃប្រទេសអ៊ីរ៉ង់។ ការវាយប្រហារនេះបានបង្កឱ្យមានរលកផ្ទុះយ៉ាងរញ្ជួយ និងពន្លឺភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលគេអាចមើលឃើញពីចម្ងាយរាប់គីឡូម៉ែត្រ។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានបញ្ជាក់ថា គោលដៅចម្បងនៃការវាយប្រហារនេះ គឺសំដៅទៅលើ មូលដ្ឋានទ័ពអាកាសរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC)។ នេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបយ៉ាងចាស់ដៃទៅនឹងការបាញ់មីស៊ីលរាប់រយគ្រាប់របស់អ៊ីរ៉ង់មកលើអ៊ីស្រាអែលកាលពីថ្ងៃមុន។
តំបន់ Khuzestan គឺជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់អ៊ីរ៉ង់ ទាំងផ្នែកសេដ្ឋកិច្ច និងយោធា។ ការវាយប្រហារចំមូលដ្ឋានទ័ពអាកាសនៅទីនោះ មិនត្រឹមតែជាការបំផ្លាញសមត្ថភាពវាយបករបស់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារព្រមានដ៏ខ្លាំងក្លាមួយថា គ្មានកន្លែងណាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ដែលយន្តហោះចម្បាំងរបស់អ៊ីស្រាអែល និងអាមេរិកទៅមិនដល់នោះទេ។
សូមជម្រាបថា រហូតមកដល់ពេលនេះ អ៊ីរ៉ង់មិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីទំហំនៃការខូចខាត ឬចំនួនអ្នករងគ្រោះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារឆ្លងដែនទៅវិញទៅមកនេះ កំពុងរុញច្រានតំបន់ទាំងមូលឱ្យខិតទៅរកសង្គ្រាមពេញទំហំ ដែលពិភពលោកកំពុងតាមដានដោយក្តីបារម្ភបំផុត៕

ប្រភព៖ Aljazeera


















